បានផ្ទៀងផ្ទាត់
សាកលវិទ្យាល័យភូមិន្ទកសិកម្ម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៤ ក្រោមការដឹកនាំរបស់សម្តេច ព្រះបាទ នរោត្តម សីហនុ។ វាជាសាកលវិទ្យាល័យរដ្ឋឈានមុខគេ ដែលផ្ដល់ការអប់រំផ្នែកកសិកម្ម និងវិស័យពាក់ព័ន្ធ។ សាកលវិទ្យាល័យនេះដំបូងឡើងមានឈ្មោះថា សាកលវិទ្យាល័យភូមិន្ទវិទ្យាសាស្ត្រកសិកម្ម។ នៅចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៥ មាននិស្សិតតែ២០០នាក់ប៉ុណ្ណោះ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះ។ ក្រោយមកវាក៏ត្រូវបានប្ដូរទៅជាវិទ្យាស្ថានអប់រំកសិកម្ម ដែលផ្ដល់តែវគ្គសិក្សាខ្លីៗប៉ុណ្ណោះ។ វិទ្យាស្ថាននេះក៏វិវត្តទៅជាសាកលវិទ្យាល័យភូមិន្ទកសិកម្ម រហូតមកដល់បច្ចុប្បន្ន។
មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបាននឹងកំពុងជំនះ និងខ្នះខ្នែងអភិវឌ្ឍន៍ខ្លួនឱ្យថ្នាលបណ្តុះបណ្តាល ឈានមុខក្នុងប្រទេសនិង ឱ្យស្របទៅតាមនិន្នាការសកលលោក និងតំបន់លើការងារអប់រំ និងការស្រាវជ្រាវកសិកម្មប្រកបដោយគុណភាព ខ្ពស់ដើម្បីរួមចំណែកលើកស្ទួយសមត្ថភាពធនធានមនុស្ស ដែលនឹងក្លាយជាកម្លាំងស្នូលក្នុងការកសាង និងអភិវឌ្ឃន៍ប្រទេសជាតិ
មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម ផ្តល់អាទិភាព និងផ្តោតសំខាន់លើការអប់រំ និងការងារស្រាវជ្រាវ គ្រប់ជំនាញកសិកម្ម ជាពិសេសលើជំនាញក្សេតសាស្រ្ត ។ ដើម្បីឈានឆ្ពោះទៅរកភាពប្រសើរឡើងក្នុងការអប់រំ ការស្រាវជ្រាវ និងសេវាសាធារណៈ មហាវិទ្យាល័យ មានការប្តេជ្ញា និងតាំងចិត្តខ្ពស់ ដើម្បីធានាឱ្យបាននូវភាពជោគជ័យទាំងស្រុងក្នុងការរួមចំណែកលើឧស្សាហភាវូបនីយកម្ម និងទំនើបកម្មក្នុងវិស័យកសិកម្ម ដើម្បីឈានទៅដល់ ការអភិវឌ្ឍន៍ ជនបទ នៅប្រទេសកម្ពុជា។
ដើម្បីក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យកសិកម្ម,មហាវិទ្យាល័យមានទិសដៅជាយុទ្ធសាស្រ្តគឺធានាឱ្យបាននូវការអភិវឌ្ឍធនធានមនុស្ស ដែលប្រកប ដោយ សមត្ថភាពជំនាញ និងសីលធម៌ខ្ពស់ ក៏ដូចជាលើកកម្ពស់ផលិតភាព និងប្រសិទ្ធិភាពកសិកម្ម ដោយធ្វើយ៉ាងណាប្រើប្រាស់កត្តាធម្មជាតិ និងធនធានកសិកម្ម ឱ្យបានជាប្រយោជន៍ដល់សេដ្ឋកិច្ច សង្គម រូបសាស្រ្ត និងជីវសាស្រ្តអេកូឡូស៊ី នៃប្រជាជាតិកម្ពុជា តាមរយៈការប្រើប្រាស់ប្រព័ន្ធ និងវិធីសាស្រ្តទាំងឡាយណា ដែលនឹងផ្តល់ឱ្យនូវចិរភាព មានប្រយោជន៍ និងទទួលយកបានដោយលក្ខខណ្ឌសង្គម និងបរិស្ថាន ។
ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម គឺធ្វើយ៉ាងណាកសាងសមត្ថភាពធនធាន របស់មហាវិទ្យាល័យ ឱ្យប្រែក្លាយទៅជាមហាវិទ្យាល័យពហុជំនាញ លើជំនាញកសិកម្ម ក្នុងការសិក្សាស្រាវជ្រាវ ដោយឈរលើសសរស្តម្ភទាំង ៣ ដូចខាងក្រោម
ការងារអប់រំ និង ការបណ្តុះបណ្តាល៖
ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាពជំនាញ និងសីលធម៌ខ្ពស់ តាមរយៈការបង្កើតកម្មវិធីសិក្សារឱ្យស្របនឹងស្តង់ដារតំបន់និងអន្តរជាតិ ដែលប្រការនេះដើម្បីបំពេញតម្រូវការ នៃការអភិវឌ្ឍសង្គមជនបទ និងកាលានុវត្តភាពទីផ្សារការងារ។
ការងារស្រាវជ្រាវ និងការអភិវឌ្ឍ៖
ដើម្បីបង្កើតនូវបច្ចេកទេស បច្ចេកវិទ្យាថ្មីៗ និងទំនើបកម្មក្នុងវិស័យកសិកម្មប្រកបដោយ នវានុវត្តន៌តាមលក្ខណៈវិទ្យាសាស្រ្ត ដែលអាចទទួលយកបានដោយលក្ខខណ្ឌសង្គម និងបរិស្ថាន
ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាតិនិងអន្តរជាតិ៖
ដើម្បីកៀងគរធនធានពីដៃគូអភិវឌ្ឍន៌នានា ជួយដល់ការកសាងសមត្ថភាពអប់រំ, ការផ្ទេរ និងចែកចាយបច្ចេកទេសនិងរបបគំហើញថ្មីៗ ។ ក្នុងន័យនេះ មហាវិទ្យាល័យបាននឹងកំពុងជម្រុញការទំនាក់ទំនងជាមួយស្ថាប័នស្រាវជ្រាវ និងស្ថានប័នអប់រំទាំងក្នុង និង ក្រៅតំបន់ តាមរយៈគម្រោងស្រាវជា្រវ ក៏ដូចជាគំរោងអភិវឌ្ឍន៌និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ បន្ថែមលើសនេះ មហាវិទ្យាល័យបាននឹងជម្រុញ លើកទឹកចិត្តដល់និស្សិត និងបុគ្គលិក ឱ្យមានភាពក្លាហានក្នុងការកសាង និងពង្រឹងសមត្ថភាព ជំនាញ និងចំណេះដឹង តាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិត បុគ្គលិក ការចូលរួមក្នុងសន្និសិទជាតិ និង អន្តរជាតិ និងការដាក់អាហារូបករណ៍ក្នុងវគ្គបណ្តុះបណ្តាលខ្លី និង វែងជាដើម ។
គេហទំព័រនេះនឹងផ្លាស់ប្តូរក្នុងរយៈពេល 5 វិនាទី
This page will be redirected after 5 seconds.