សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) គឺជាសាកលវិទ្យាល័យធំជាងគេ និងមានវ័យចំណាស់ជាងគេ ដែលផ្ដល់ការអប់រំយ៉ាងទូលំទូលាយកម្រិតបរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ ដោយមាននិស្សិតប្រមាណ១០,០០០នាក់ និងបុគ្គលិកច្រើនជាង៤០០នាក់។ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០១ ដែលជាមជ្ឈមណ្ឌលដំបូងគេផ្ដល់ការអប់រំផ្នែកសារគមនាគមន៍ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសកម្ពុជា។

ចំណុចពិសេសទាំង៣របស់ DMC៖

  1. DMC គឺជាវិទ្យាស្ថានដំបូងគេក្នុងប្រទេសកម្ពុជា ដែលផ្ដល់ការអប់រំជំនាញ សារគមនាគមន៍ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
  2. DMC មានបទពិសោធន៍ជោគជ័យ១៥ឆ្នាំ ផលិតធនធានមនុស្សក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ។
  3. អតីតនិស្សិត DMC ច្រើជាង៥០ភាគរយបានទទួលអាហារូបករណ៍ ទៅសិក្សានៅប្រទេសអាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងប្រទេសមួយចំនួនទៀត។

ចក្ខុវិស័យ និងបេសកម្ម

ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នឹងត្រូវបានទទួលស្គាល់ជាវិទ្យាស្ថានឈានមុខ សម្រាប់សិស្សដែលមានបំណងចាប់អាជីពក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មាន និងសារគមនាគមន៍។

DMC មានគោលដៅចំនួន៤៖

  1. រៀបចំឲ្យនិស្សិតក្លាយទៅជាអ្នកប្រកបអាជីពពោពេញទៅដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ។
  2. លើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសេរីភាព និងទំនួលខុសត្រូវក្នុងសង្គមកម្ពុជា។
  3. រៀបចំនិស្សិតឲ្យក្លាយទៅជាអ្នកដឹកនាំដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវ និងជាអ្នកដឹកនាំនៅតាមស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបម្រើប្រយោជន៍សាធារណៈជន។
  4. រៀបចំឲ្យនិស្សិតក្លាយជាជនគំរូ ផ្នែកក្រមសីលធម៌ ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ សារគមនាគមន៍ និងសារព័ត៌មាន។

ធនធាន

DMC ត្រូវបានដឹកនាំ និងបង្រៀនដោយសាស្ត្រាចារ្យ និងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ មកពីបរទេស ក៏ដូចជាសាស្ត្រចារ្យខ្មែរដែលមានបទពិសោធន៍ មានសញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិត។

GUEST LECTURES

នៅរៀងរាល់ព្រឹកថ្ងៃសុក្រ DMC រៀបចំថ្នាក់ចែកចាយបទពិសោធន៍ដោយបានអញ្ជើញភ្ញៀវ ដែលបម្រើការក្នុងវិស័យពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពង្រីកការយល់ដឹងរបស់និស្សិត និងភ្ជាប់ទំនាក់ទំនងពួកគេជាមួយអ្នកជំនាញដែលកំពុងបម្រើការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។

បន្ទប់កុំព្យូទ័រ

ក្រៅពីបានបំពាក់កុំព្យូទ័រនៅក្នុងបណ្ណាល័យ DMC ក៏បានរៀបចំបន្ទប់កុំព្យូទ័រដាចដោយឡែក សម្រាប់ឲ្យនិស្សិតសិក្សាជំនាញកុំព្យូទ័រ រួមនឹងការកាត់តសំឡេង និងវីដេអូរផងដែរ។

បន្ទប់កាត់ត ស្ទូយ៉ូទូរទស្សន៍ និងវិទ្យុ

DMC មានស្ទូយ៉ូទូរទស្សន៍ និងវិទ្យុ ដែលបំពាក់ដោយបរិក្ខាគ្រប់គ្រាន់ សម្រាប់ឲ្យនិស្សិតអនុវត្តន៍ផ្ទាល់ និងផលិតកម្មវិធីរបស់ពួកគេ។ ដើម្បីបំពេញតម្រូវការសិក្សារបស់និស្សិត DMC ក៏មានបន្ទប់កាត់ត វីដេអូដែលបំពាក់ដោយឧបករណ៍ និងកុំព្យូទ័រទំនើបៗផងដែរ។

បណ្ណាល័យ

បណ្ណាល័យរបស់ DMC បើក៧ថ្ងៃក្នុង១សប្ដាហ៍ (លើកលែងថ្ងៃបុណ្យជាតិ)។ បណ្ណាល័យមានសៀវភៅច្រើនជាង២,០០០ក្បាល ក្នុងប្រធានបទសារគមនាគន៍ ប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មាន វិទ្យាសាស្ត្រនយោបាយ សង្គមវិទ្យា និងប្រធានបទវិទ្យាសាស្ត្រសង្គមផ្សេងទៀត។ វាក៏មានការសែត ទស្សនាវដ្តី អត្ថបទស្រាវជ្រាវ ក៏ដូចជាឯកសារកម្មវិធីទូរទស្សន៍ និងវិទ្យុផងដែរ។ បន្ថែមពីលើនេះ បណ្ណាល័យ DMC ផ្ដល់ជូននូវការប្រើប្រាស់អ៊ីនថឺណិត កុំព្យូទ័រ និងការថតចម្លង និងបោះពុម្ភឯកសារជាដើម។

ទំនាក់ទំនង

DMC/CCI, RUPP, មហាវិថីសហព័ន្ធរុស្ស៊ី, ភ្នំពេញ, Tel/ Fax: ០២៣ ៨៨ ៤៤ ០៨ admin@dmc-cci.edu.kh | www.dmc-cci.edu.kh Social Media: Facebook, Instagram, Twitter, YouTube

ឈ្មោះសាលា
RUPP - Department of Media and Communication (DMC)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 884 408

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ខណ្ឌ
ទួលគោក
ទីក្រុង
ភំ្នពេញ